វិបស្សនាកម្មដ្ឋាន
វិបស្សនា ដែលមានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត គឺជាបច្ចេកទេសកម្មដ្ឋានពិនិត្យមើលខ្លួនឯងមួយ ក្នុងចំណោមបច្ចេកទេសកម្មដ្ឋានចាស់ជាងគេបំផុតនៃប្រទេសឥណ្ឌា។ បច្ចេកទេសនេះត្រូវបានបង្រៀនជាង ២៥០០ ឆ្នាំមុន ជាវិធីព្យាបាលសាកលចំពោះជំងឺសាកល ពោលគឺជា សិល្ប៍សាស្ត្រនៃការរស់នៅ ។ សម្រាប់អ្នកដែលមិនសូវស្គាល់អំពីវិបស្សនាកម្មដ្ឋាន អាចស្វែងយល់នូវ សេចក្ដីណែនាំអំពីវិបស្សនា សំដែងដោយលោកគ្រូហ្គោឥនកា និង សំណួរ-ចម្លើយ អំពីវិបស្សនា ។
បច្ចេកទេសនៃវិបស្សនា ត្រូវបានបង្រៀននៅក្នុងវគ្គសិក្សារយៈពេលដប់ថ្ងៃ, ដែលនៅក្នុងអំឡុងពេលនោះ អ្នកចូលរួមរៀនអំពីមូលដ្ឋានគ្រឹះនៃបច្ចេកទេសនេះ និងអនុវត្តឱ្យបានគ្រប់គ្រាន់ដើម្បីពិសោធនិងទទួលបានលទ្ធផលដ៏មានប្រយោជន៍ពីបច្ចេកទេសនេះ។
ធម្មអង្កុរ
ធម្មអង្កុរ ដែលមានន័យថា «ពន្លកនៃព្រះធម៌» មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប, ដែលជាកន្លែងប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ មជ្ឈមណ្ឌលចាប់ផ្ដើមបើកវគ្គធម្មសិក្សានៅកន្លែងបណ្ដោះអាសន្នសម្រាប់សិស្សចំនួន៦០នាក់ក្នុងឆ្នាំ២០២១។ ផែនការមេត្រូវបានអនុម័ត ហើយការសាងសង់ធម្មសាលនិងកន្លែងផ្សេងៗទៀតនឹងចាប់ផ្ដើមឆាប់ៗនេះ លើផ្ទៃដី ១០ ហិចតា។
អាចារ្យប្រមុខ ស.ន ហ្គោឥនកា
លោក ស.ន ហ្គោឥនកា កើតនៅទីក្រុងម៉ាន់ដាឡេ ប្រទេសមីយ៉ាន់ម៉ា (ភូមា) ក្នុងឆ្នាំ ១៩២៤ នៅក្នុងគ្រួសារអ្នកជំនួញ ដែលមានដើមកំណើតពីប្រទេសឥណ្ឌា។ លោក ហ្គោឥនកា ជាសហគ្រិនដ៏ជោគជ័យម្នាក់តាំងតែនៅវ័យក្មេង, ដោយលោកបានបង្កើតរោងចក្រស្ករ រោងចក្រវាយនភណ្ឌដែលមានបុគ្គលិកជាង ១,០០០ នាក់ និងក្រុមហ៊ុននាំចូល-នាំចេញដែលមានការិយាល័យនៅជុំវិញពិភពលោក។ លោកបានក្លាយជាអ្នកជំនួញម្នាក់ក្នុងចំណោមអ្នកជំនួញដែលមានជាងគេបំផុតនៅក្នុងប្រទេស។ នៅអាយុ ៣០ ឆ្នាំ លោកត្រូវបានជ្រើសតាំងជាប្រធានសភាពាណិជ្ជកម្មនៃទីក្រុងយ៉ាំងហ្គូន (អតីតទីក្រុងរ៉ង់ហ្គូន), ក្រៅពីការដឹកនាំអង្គការសង្គម អប់រំ និងវប្បធម៌ជាច្រើនទៀត។ បន្ទាប់ពីផ្លាស់ទីលំនៅទៅកាន់ប្រទេសឥណ្ឌា លោកបានចាប់ផ្តើមបង្រៀនវិបស្សនានៅឆ្នាំ ១៩៦៩, ដែលក្នុងអំឡុងពេលប៉ុន្មានឆ្នាំនោះ លោកបានចំណាយពេលដប់ថ្ងៃជាទៀងទាត់ដើម្បីបង្រៀន និងម្ភៃថ្ងៃដើម្បីធ្វើការនៅការិយាល័យពាណិជ្ជកម្មរបស់លោកក្នុងទីក្រុងបុមបៃ។ ចាប់ពីឆ្នាំ ១៩៧៩ តទៅ លោកក៏បានចាប់ផ្តើមបើកវគ្គសិក្សានៅក្រៅប្រទេសឥណ្ឌាផងដែរ ជាពិសេសនៅក្នុងប្រទេសស្រីលង្កា ថៃ នេប៉ាល់ បារាំង អង់គ្លេស អាមេរិកខាងជើង ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់។ បច្ចុប្បន្ន ប្រទេសទាំងនេះសុទ្ធតែមានមជ្ឈមណ្ឌលមួយ ឬច្រើន។
លោក ហ្គោឥនកា ស្ទើរពេញមួយជីវិតរបស់លោក លោកបានធ្វើការជាអ្នកជំនួញអន្តរជាតិដ៏លេចធ្លោ ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌា គឺជាវាគ្មិនសំខាន់លើប្រធានបទ “ស្មារតីនៃក្រមសីលធម៌ក្នុងអាជីវកម្ម” នៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីខែមករា ឆ្នាំ ២០០០ បានថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកដែលបានប្រារព្ធធ្វើនៅអង្គការសហប្រជាជាតិ កាលពីខែសីហា ឆ្នាំ ២០០០ និងជាវាគ្មិនសំខាន់នៅសន្និសីទ ស្មារតីនៃក្រមសីលធម៌ក្នុងអាជីវកម្ម ដែលបានប្រារព្ធធ្វើនៅទីក្រុងញូវយ៉ក កាលពីខែមេសា ឆ្នាំ ២០០២។