ច្បាប់វិន័យ
សង្ខេបបច្ចេកទេស ៖
វិបស្សនា ជាបច្ចេកទេសកម្មដ្ឋានមួយ ចាស់ជាងគេបំផុតនៃប្រទេសឥណ្ឌា ។ មនុស្សជាតិបានបាត់បង់ បច្ចេកទេសនេះជាយូរអង្វែងណាស់មកហើយ តែ ព្រះគោតមសម្មាសម្ពុទ្ធ បានរកឃើញឡើងវិញកាលពី ជាង ២៥០០ឆ្នាំមុននេះ ។ វិបស្សនា មានន័យថា : ឃើញរបស់ផងទាំងពួងតាមភាពពិត, គឺជាបច្ចេកទេស ធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ដោយខ្លួនឯង, ដោយការពិនិត្យមើលខ្លួនឯង ។ ជាដំបូង គេចាប់ពិនិត្យមើលដង្ហើម ធម្មជាតិ ដើម្បីផ្ចង់ចិត្តឲ្យមូល ។ ដោយមានសតិដឹងយ៉ាងមុតនេះ គេពិនិត្យមើលធម្មជាតិផ្លាស់ប្តូររបស់ កាយនិងចិត្ត ហើយពិសោធឃើញសេចក្តីពិតសាកលនៃ អនិច្ចំ, ទុក្ខំ និង អនត្តា ។ ការសម្រេច នូវសេចក្តីពិតដោយសារការពិសោធន៍ផ្ទាល់នេះ ជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ ។ មាគ៌ា ទាំងមូល, ព្រះធម៌, ជាឱសថសាកល សម្រាប់ដោះស្រាយបញ្ហាសាកល ហើយគ្មានអ្វីជាប់ទាក់ទងជាមួយនឹងសាសនា ឬនិកាយណាមួយឡើយ ។ ដោយហេតុនេះ បច្ចេកទេសនេះអាចយកមកបដិបត្តិបានជាទូទៅ ដោយសេរី នៅគ្រប់ទីកន្លែង, គ្រប់ពេល, ដោយគ្មានអ្វីទាស់ខុសជាមួយពូជសាសន៍, វណ្ណ:, សាសនា ណាមួយឡើយ ហើយត្រូវបានទទួលប្រយោជន៍ល្អប្រសើរដូចគ្នាជាទូទៅ ។
អ្វីដែលមិនមែនជាវិបស្សនា ៖
វិបស្សនា មិនមែនជា ៖
- ពិធីបុណ្យឬពិធីសាសនាដែលមានសទ្ធាងងិតងងល់ជាមូលដ្ឋាន ។
- ល្បែងកំសាន្តខាងប្រាជ្ញាឈ្លាសវៃ ឬជាទស្សនវិជ្ជា ។
- ពេលសម្រាកសម្រាប់ព្យាបាលជម្ងឺ, ថ្ងៃឈប់បុណ្យ ឬជាឱកាសល្អណាមួយ ដើម្បីឲ្យមនុស្សក្នុងសង្គមប្រាស្រ័យទាក់ទងគ្នាដោយប្រការណាមួយ ។
- ការគេចវេះឲ្យផុតពីបញ្ហា, ពីទុក្ខព្រួយនៃការរស់នៅរាល់ថ្ងៃ ។
អ្វីដែល ជាវិបស្សនា ៖
វិបស្សនា ជា ៖
- បច្ចេកទេសមួយដើម្បីគាស់រំលើងទុក្ខឲ្យដាច់ឫសគល់ ។
- បច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ ដែលនាំមនុស្សឲ្យចេះប្រឈមមុខចំពោះភាពតានតឹង និងបញ្ហាជីវិតទាំងឡាយ ប្រកបដោយចិត្តស្ងប់ស្ងៀម និងមានលំនឹង ។
- របៀបរស់នៅ ដែលនាំមនុស្សឲ្យធ្វើវិភាគទានជាកុសល ចំពោះសង្គម ។
វិបស្សនាកម្មដ្ឋាន មានគោលបំណងឆ្ពោះទៅរកគោលដៅផ្លូវចិត្តយ៉ាងខ្ពស់បំផុតនៃការរំដោះទុក្ខ និងការ ត្រាស់ដឹងពេញបរិបូណ៌ គោលដៅរបស់វិបស្សនាគឺមិនមែនសម្រាប់ព្យាបាលជម្ងឺផ្លូវកាយ ឲ្យបានជាសះស្បើយទេ ។ ប៉ុន្តែដោយសារលទ្ធផលបន្ទាប់បន្សំដែលកើតមកពីការធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ នុ៎ះមាន ជម្ងឺផ្លូវចិត្ត និងផ្លូវកាយជាច្រើនណាស់ ដែលបានជាសះស្បើយដាច់ឫសគល់អស់ ។ តាមការពិត វិបស្សនា គឺប្រាកដជារំលាយហេតុបីយ៉ាងនៃសេចក្តីទុក្ខទាំងអស់បាន ពោលគឺ ៖ លោភ: ទោស: និង មោហៈ ។ ដោយសារការបដិបត្តិយ៉ាងជាប់ជានិច្ច, សមាធិនឹងជួយបន្ធូរបន្ថយភាពតានតឹងដែលចេះតែមាននៅក្នុងការរស់នៅរាល់ថ្ងៃ ហើយជួយស្រាយចំណងដែលកើតឡើងដោយសារទម្លាប់ចាស់ ដែលចេះតែនាំចិត្តឲ្យធ្វើ ប្រតិកម្មតបនឹងស្ថានភាពជាទីរីករាយ និងជាទីមិនរីករាយ ។
ទោះបីវិបស្សនាកម្មដ្ឋាននេះជាបច្ចេកទេសដែលកើតចម្រើនឡើងដោយ ព្រះសម្មាសម្ពុទ្ធ ក៏ដោយ ក៏ការបដិបត្តិបច្ចេកទេសនេះមិនមែនកម្រិតទុកត្រឹមតែអ្នកកាន់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ។ ជាដាច់ខាតឥតមាន រឿងផ្លាស់ប្ដូរសាសនាឡើយ ។ ។ មនុស្សទាំងអស់មានបញ្ហាចោទឡើងដូចគ្នា, ដូច្នេះបច្ចេកទេសដែល ដោះស្រាយបញ្ហាទាំងអស់នេះ ក៏អាចយកមកអនុវត្តបានជាសាកលទូទៅដូចគ្នាដែរ ។ មនុស្សអ្នកកាន់ សាសនាដទៃទៀតជាច្រើនបានទទួលប្រយោជន៍ដែលកើតមកពីការបដិបត្តិវិបស្សនាកម្មដ្ឋាននេះ ហើយបាន ពិនិត្យឃើញថា គ្មានអ្វីទាស់ខុសជាមួយនឹងជំនឿសាសនារបស់គេឡើយ ។
ការចម្រើនកម្មដ្ឋាន និងវិន័យដោយខ្លួនឯង ៖
វីធីធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ដោយខ្លួនឯងដោយពិនិត្យមើលក្នុងខ្លួនឯង គឺពិតជាមិនមែនងាយស្រួលឡើយ ។ សិស្សត្រូវតែខំប្រឹងធ្វើការនេះដោយតឹងរឹងណាស់ ។ ដោយសារតែការខំប្រឹងប្រែងធ្វើការផ្ទាល់ខ្លួន ទើប សិស្សអាចទៅដល់សេចក្តីសម្រេចរបស់ខ្លួនឯងបាន គ្មាននរណាអាចធ្វើការនេះជំនួសខ្លួនឯងបានឡើយ ។ ដោយហេតុនេះ ការចម្រើនកម្មដ្ឋាននឹងមានភាពសមរម្យចំពោះអ្នកដែលពិតជាចង់ធ្វើការដោយប្រាកដប្រជា ហើយសុខចិត្តទទួលគោរពតាមវិន័យ ដែលជាច្បាប់មួយធ្វើឡើងដើម្បីជាប្រយោជន៍ និងដើម្បីជាកិច្ចការពារ ខ្លួនឯងផ្ទាល់តែប៉ុណ្ណោះ វិន័យ និងបទបញ្ញាត្រូវចាត់ទុកជាផ្នែកមួយទាំងស្រុងនៃបច្ចេកទេសចម្រើនកម្មដ្ឋាននេះ ។
ដប់ថ្ងៃគឺពិតជាខ្លីណាស់ ដើម្បីនាំចិត្តឲ្យចូលទៅដល់ថ្នាក់ទីជម្រៅ និងដើម្បីរៀនគាស់រំលើងភាពស្មុគស្មាញ ដែលកប់នៅក្នុងនោះឲ្យដាច់ឫសគល់ ។ ការបដិបត្តិឲ្យបានជាប់ជានិច្ចនៅកន្លែងដែលដាច់ឆ្ងាយពីគេតែឯង គន្លឹះសំខាន់នៃជោគជ័យរបស់បច្ចេកទេសនេះ ។ វិន័យ និងបទបញ្ជា បានតាក់តែងឡើង ដោយយោងទៅលើការបដិបត្តិ ។ វិន័យនិងបទបញ្ជានេះ មិនមែនធ្វើឡើងដើម្បីជាប្រយោជន៍ដល់គ្រូ ឬក្រុមអ្នកចាត់ការឡើយ, មិនមែនដើម្បីសំដែងគំនិតប្រពៃណីឥតប្រយោជន៍, មិនមែនជាច្បាប់សាសនា ឬសទ្ធា ងងឹតងងល់ទៅលើសាសនាខ្លះនោះទេ ។ ផ្ទុយទៅវិញ វិន័យនិងបទបញ្ហានេះ មានមូលដ្ឋានចេញមក ពីការពិសោធន៍របស់អ្នកបដិបត្តិធម៌រាប់ពាន់នាក់ ដែលបានប្រព្រឹត្តធ្វើជាយូរឆ្នាំមកហើយ, ហើយជាច្បាប់ ដែលស្របតាមផ្លូវវិទ្យាសាស្ត្រផង តាមផ្លូវវិចារណញ្ញាណផង ។ ការចេះប្រកាន់វិន័យ ជាការជួយបង្កើត បរិយាកាសល្អសមគួរ ដល់ការចម្រើនធម៌ ។ រីឯការប្រព្រឹត្តិបទល្មើសនឹងវិន័យវិញ គឺជាការធ្វើឲ្យសៅហ្មង ដល់ការចម្រើនកម្មដ្ឋាននេះ ។
សិស្សទាំងឡាយ ត្រូវស្ថិតនៅក្នុងមជ្ឈមណ្ឌលឲ្យបានគ្រប់ដប់ថ្ងៃពេញបរិបូណ៌ ។ ក្រៅពីនេះ សិស្សត្រូវ តែអាន ហើយត្រូវតែគោរពធ្វើតាមវិន័យផ្សេងៗទៀតដោយហ្មត់ចត់ ។ មានតែអ្នកដែលយល់ឃើញថាអាចគោរពតាមវិន័យនេះបានដោយសុទ្ធចិត្ត និងដោយហ្មត់ចត់ទេ ទើបត្រូវដាក់ពាក្យសុំចូលរៀន ។ ចំពោះអ្នក ដែលមិនទាន់បានរៀបចំខ្លួនដើម្បីចូលរៀននិងបដិបត្តិឲ្យអស់ពីចិត្តទេ ការណ៍នេះគឺគ្រាន់តែនាំឲ្យខាតពេលរបស់ខ្លួនតែប៉ុណ្ណោះ ហើយថែមទាំងរំខានដល់អ្នកឯទៀតដែលចង់បដិបត្តិដោយហ្មត់ចត់ទៀតផង ។ សិស្សដែលបំរុងចូលរៀន ត្រូវយល់ថា ការចាកចេញមុនពេលចប់ធម្មសិក្សាដោយឃើញថា ច្បាប់វិន័យ តឹងតែងពេក ជាការនាំឲ្យខាតប្រយោជន៍ខ្លាំងណាស់ ហើយជាការមួយដែលគេមិនគួរធ្វើទៀតផង ។ ដូចគ្នានេះដែរ ជាការមួយគួរឲ្យសោកស្ដាយណាស់ បើសិនជាមានសិស្សណាម្នាក់មិនគោរពតាមបទបញ្ជា ទោះបី គេបានរំឮកជាញឹកញយហើយក៏ដោយ ហើយត្រូវបានគេបណ្ដេញចេញពីធម្មសិក្សា ។
មនុស្សមានវិបត្តិខាងផ្លូវចិត្ត ៖
ដោយមានបំណងចង់បន្ធូរបន្ថយបញ្ហាផ្លូវចិត្ត ជួនកាលមនុស្សដែលមានវិបត្តិខ្លាំងខាងផ្លូវចិត្ត បានចូលរួម ក្នុងធម្មសិក្សាវិបស្សនា ដោយសង្ឃឹមថា បច្ចេកទេសនេះអាចធ្វើឲ្យបញ្ហាផ្លូវចិត្តបានជាសះស្បើយ ឬបានធូរ ស្រាល ។ សេចក្តីសង្ឃឹមនេះមិនអាចសម្រេចបានទេ!
ម៉្យាងទៀត មនុស្សដែលមានទំនាក់ទំនងមិនល្អជាមួយអ្នកដទៃ ហើយធ្លាប់មានប្រវត្តិទទួលការព្យាបាល រោគផ្សេងៗ, ទាំងនេះជាកត្តាមួយបញ្ជាក់ថែមទៀតថា គេមិនអាចទទួលប្រយោជន៍ពីការធ្វើធម្មសិក្សា១០ថ្ងៃ នេះបានឡើយ ឬមួយសូម្បីតែធ្វើធម្មសិក្សាឲ្យចប់សព្វគ្រប់ក៏មិនបានផង ។ ក្នុងឋាន:ជាអង្គការស្ម័គ្រចិត្ត (ដែលមិនមែនជាអង្គការវិជ្ជាជីវ:) យើងមិនអាចព្យាបាលមនុស្សបែបនេះឲ្យបានត្រឹមត្រូវទេ ។ ថ្វីបើ វិបស្សនាមានប្រយោជន៍បំផុតចំពោះមនុស្សភាគច្រើនក៏ដោយ ក៏ប៉ុន្តែវិបស្សនាមិនមែនសម្រាប់ជំនួសការព្យាបាលរោគតាមក្បួនពេទ្យ ឬក្បួនចិត្តសាស្ត្រទេ ហើយយើងមិនទូន្មានឲ្យមនុស្សដែលមានវិបត្តិខ្លាំងខាងផ្លូវចិត្ត ចម្រើនវិបស្សនាកម្មដ្ឋានឡើយ ។
ច្បាប់វិន័យ ៖
មូលដ្ឋាននៃការបដិបត្តិ វិបស្សនាគឺ សីល ៖ ធម្មចរិយា ។ សីល បង្កើតមូលដ្ឋានសម្រាប់ចម្រើន សមាធិ ៖ ការធ្វើចិត្តឲ្យមូល ។ ហើយការធ្វើចិត្តឲ្យបរិសុទ្ធផូរផង់នឹងសម្រេចឡើងបានដោយសារ បញ្ញា ។
សិក្ខាបទ ៖
ក្នុងរយ:ពេលធម្មសិក្សា អ្នកដែលចូលរួមធ្វើវិបស្សនាទាំងអស់ ត្រូវទទួលគោរពសិក្ខាបទទាំងប្រាំ ដោយ ម៉ឺងម៉ាត់ ដូចតទៅនេះ ៖
១- វៀរចាកការសម្លាប់សត្វ ។
២- វៀរចាកការលួចទ្រព្យគេ ។
៣- វៀរចាកសកម្មភាពផ្លូវភេទគ្រប់បែបយ៉ាង ។ មានន័យថាគេត្រូវស្ថិតនៅក្នុងភាព ជាមនុស្សលីវក្នុងមជ្ឈមណ្ឌលធម្មសិក្សា។
៤- វៀរចាកការពោលពាក្យកុហក, ពាក្យទ្រគោះបោះបោក, ពាក្យញុះញង់ និងពាក្យរោយរាយឥតប្រយោជន៍ ។
៥- វៀរចាកការប្រើប្រាស់នូវគ្រឿងស្រវឹង និងគ្រឿងញៀនគ្រប់បែបយ៉ាង ។
មានសិក្ខាបទបីថែមទៀត ដែលសិស្សចាស់ (គឹសិស្សទាំងឡាយណាដែលបានបំពេញធម្មសិក្សា ចប់សព្វគ្រប់ម្ដងរួចហើយជាមួយ លោកគ្រូហ្គោឥនកាឬគ្រូជំនួយ) ត្រូវគោរពគឺ ៖
៦- វៀរចាកការបរិភោគអាហារក្រោយពេលថ្ងៃត្រង់ ។
៧- វៀរចាកការរាំច្រៀង, ការប្រគំតូរ្យតន្រ្តី និងការតាក់តែងលំអកាយដោយផ្កាកម្រង និងគ្រឿងក្រអូបផ្សេងៗ។
៨- វៀរចាកការប្រើទីសេនាសន:ដែលល្អហើយខ្ពស់ហួសប្រមាណ។
សិស្សចាស់នឹងគោរពសិក្ខាបទទី៦ ដោយទទួលទានទឹកតែ ដោយមិនប្រើទឹកដោះគោ ឬទឹកក្រូចឆ្មាច្របាច់ នៅពេលសម្រាកម៉ោង៥ល្ងាច, ចំណែកឯសិស្សថ្មីអាចទទួលទានទឹកតែជាមួយទឹកដោះគោ និងផ្លែឈើបាន។ គ្រូអាចអនុញ្ញាតឲ្យសិស្សចាស់មិនបាច់រក្សាសិក្ខាបទទី៦នេះបាន ដោយហេតុមានបញ្ហាសុខភាព។ ចំពោះសិក្ខាបទទី៧ និងទី៨ សិស្សចាស់ទាំងអស់នឹងត្រូវរក្សាសិក្ខាបទទាំងនេះ។
ការយល់ព្រមទទួលគូ្រ និងបច្ចេកទេសកម្មដ្ឋាន ៖
ក្នុងរយ:ពេលធម្មសិក្សា សិស្សត្រូវទទួលធ្វើតាមបទបញ្ជា និងការណែនាំរបស់គ្រូទាំងស្រុង ។ គឺសិស្ស ត្រូវទទួលធ្វើតាមច្បាប់វិន័យ ហើយចម្រើនកម្មដ្ឋានតាមបញ្ជាទាំងស្រុងរបស់គ្រូដោយមិនបន្ថែម ឬបន្ថយ អ្វីឡើយ ។ ការទទួលធ្វើតាមនេះ គឺធ្វើដោយមានការយល់ត្រឹមត្រូវ និងច្បាស់លាស់ ដែលមិនមែនធ្វើ ដោយការចុះចូលងងឹតងងល់ទេ ។ លុះត្រាតែមានសេចក្តីទុកចិត្តបែបនេះ ទើបសិស្សអាចធ្វើការដោយយក ចិត្តទុកដាក់និងដោយហ្មត់ចត់បាន។ ការជឿទុកចិត្តលើគ្រូ និងលើបច្ចេកទេសកម្មដ្ឋាននេះ ជាការចាំបាច់ ដើម្បីឲ្យបានជោគជ័យក្នុងការចម្រើនកម្មដ្ឋាន ។
បច្ចេកទេសកម្មដ្ឋាន ពិធីបុណ្យ ពិធីសាសនាដទៃ ៖
ក្នុងរយ:ពេលធម្មសិក្សានេះ, ការចាំបាច់ដាច់ខាតគឺត្រូវបញ្ឈប់ការសូធ្យធម៌បន់ស្រន់, ការប្រារព្ធពិធីបុណ្យ ពិធីសាសនាទាំងអស់សិន, ដូចជាការអត់អាហារ, ការដុតធូបទៀន, ការដុតប្រទីប, ការរាប់ផ្តាំ, ការសូត្រមន្ត អាគម, ការបន់ស្រន់, ការរាំច្រៀង ឬការអត់អាហារជាដើម។ បច្ចេកទេសកម្មដ្ឋានដទៃ និងបច្ចេកទេស ព្យាបាលជម្ងឺទាំងអស់ ក៏ត្រូវបញ្ឈប់ទុកមួយអន្លើសិនដែរ ។ នេះមិនមែនជាការដាក់ទោសទៅលើបច្ចេកទេស និងការប្រារព្ធពិធីទាំងអស់នោះទ, ប៉ុន្តែគឺដើម្បីសាកល្បងបច្ចេកទេសវិបស្សនានេះឲ្យបានសមរម្យតាម ភាពបរិសុទ្ធ ។
យើងសូមទូន្មានយ៉ាងខ្លាំងចំពោះសិស្សទាំងឡាយថា ការយកបច្ចេកទេសវិបស្សនានេះ ទៅលាយឡំដោយ ចេតនាជាមួយនឹងបច្ចេកទេសឯទៀត គឺមិនមែនគ្រាន់តែជាឧបសគ្គដល់ការរីកចម្រើនរបស់សិស្សប៉ុណ្ណោះទេ, ប៉ុន្តែវាអាចជាការដើរថយក្រោយទៀតផង ។
ទោះបីមានការព្រមានជាញឹកញយពីគ្រូក៏ដោយ, ក៏នៅតែមានហេតុការណ៍ខ្លះៗក្នុងអតីតកាលដោយមានសិស្សខ្លះបានយកបច្ចេកទេសនេះទៅលាយឡំដោយចេតនាជាមួយនឹងបច្ចេកទេសបដិបត្តិផ្សេងទៀត ហើយបានធ្វើឲ្យខ្លួនឯងរងទុក្ខយ៉ាងខ្លាំង ។ បើមានការសង្ស័យ ឬការច្របូកច្របល់បែបណាមួយកើតឡើង សិស្សអាចទៅជួបគ្រូជាដរាប ដើម្បីសុំការពន្យល់ឲ្យបានច្បាស់លាស់ ។
ការជួបសម្ភាសន៍ជាមួយគូ្រ ៖
ពីម៉ោង១២ថ្ងៃត្រង់ ទៅម៉ោង១រសៀល សិស្សអាចធ្វើសម្ភាសន៍ផ្ទាល់ជាមួយគ្រូបាន គេក៏អាចសួរគូ្រ ជាសាធារណ:បានដែរ ពីម៉ោង៩ទៅម៉ោង៩កន្លះយប់នៅធម្មសាល ។ គឺជាសេចក្តីសម្ភាសន៍និងសំណួរសម្រាប់បំភ្លឺអំពីបច្ចេកទេស និង បញ្ហាទាំងឡាយដែលកើតឡើងអំពីការស្តាប់ធម្មទេសនាពេលល្ងាច ។
អរិយស្ងាត់ ៖
សិស្សទាំងអស់ត្រូវតែគោរព អរិយស្ងាត់ តាំងពីពេលចាប់ផ្តើមធម្មសិក្សា រហូតដល់ពេលព្រឹកថ្ងៃចុងក្រោយបង្អស់នៃថ្ងៃចម្រើនកម្មដ្ឋាន ។ អរិយស្ងាត់ គឺការស្ងៀមស្ងាត់ តាមផ្លូវកាយ, វាចា និង ចិត្ត ។ ការទាក់ទងគ្រប់បែបយ៉ាង ជាមួយសិស្សផងគ្នា ត្រូវហាមឃាត់ ទាំងកាយវិការ ទាំងកំណត់សរសេរ និងទាំងសញ្ញាជាភាសានិយាយ ។ល។ ប៉ុន្តែសិស្សអាចនិយាយជាមួយគ្រូបាន នៅពេលណាដែលមានការចាំបាច់ ។ សិស្សអាចទាក់ទងជាមួយ នឹងអ្នកគ្រប់គ្រង (manager) បានដែរ អំពីបញ្ហាដែលទាក់ទងនឹងម្ហូបអាហារ, ការស្នាក់អាស្រ័យ, សុខភាព ។ល។ ប៉ុន្តែចំពោះការទាក់ទងនេះ គេត្រូវតែធ្វើឲ្យបានយ៉ាងតិចបំផុត ។ សិស្សត្រូវតែបណ្តុះចិត្តឲ្យមាន អារម្មណ៍ចេះគិតថា ខ្លួននៅចម្រើនកម្មដ្ឋាននេះដាច់ពីគេតែម្នាក់ឯង ។
ការបំបែកភេទប្រុសសី្រ ៖
ការបំបែកភេទប្រុសស្រីឲ្យនៅដាច់ពីគ្នាត្រូវតែគោរព... ក្នុងកំណត់ធម្មសិក្សានេះ ប្តីប្រពន្ធ ឬគូប្រុសស្រី មិនត្រូវប្រាស្រ័យទាក់ទងគ្នាដោយប្រការណាមួយឡើយ ។ មិត្តភក្តិ, សមាជិកនៃគ្រួសារ ។ល។ ក៏ត្រូវ គោរពតាមបទបញ្ជានេះដែរ ។
ការប៉ះពាល់កាយ ៖
ជាការសំខាន់ណាស់ មិនត្រូវឲ្យមានការប៉ះពាល់គ្នាដោយកាយឡើយ ទោះបីរវាងមនុស្សដែលមានភេទ ដូចគ្នាក៏ដោយ, រហូតដល់ពេលផុតកំណត់ធម្មសិក្សានេះ ។
យោគៈ (Yoga) និងការហាត់ប្រាណ ៖
ទោះបីបច្ចេកទេសយោគ (Yoga) និងការហាត់ប្រាណដទៃទៀតមានភាពចុះសម្រុងគ្នាជាមួយវិបស្សនា ក៏ដោយ, ក៍ក្នុងរយ:ពេលធម្មសិក្សា គេត្រូវតែផ្អាកការហាត់ទាំងអស់នេះមួយអន្លើសិន ពីព្រោះនៅក្នុងមជ្ឈមណ្ឌល គេគ្មានកន្លែងសមរម្យដាច់ដោយឡែក សម្រាប់ធ្វើការហាត់ទាំងអស់នោះទេ ។ សិស្សទាំងឡាយ អាចដើរហាត់ប្រាណនៅកន្លែងដែលគេបានកម្រិតទុកឲ្យធ្វើ សម្រាប់សិស្សប្រុសស្រី ។
វត្ថុសាសនា សៀវភៅសូធ្យបន់ស្រន់ កែវមន្ត វត្ថុស័ក្តិសិទ្ធិ ៖
គេមិនត្រូវយកវត្ថុបែបនេះចូលក្នុងមជ្ឈមណ្ឌលកម្មដ្ឋានទេ ។ បើសិនជាយកចូលមកដោយចៃដន្យ គេត្រូវ តែយកទៅផ្ញើទុកនឹងក្រុមអ្នកគ្រប់គ្រងសម្រាប់កំណត់ពេលធម្មសិក្សានេះ ។
គ្រឿងញៀន និងថ្នាំស្ពឹកឬថ្នាំស្រវឹង ៖
ថ្នាំស្ពឹក ឬថ្នាំស្រវឹងទាំងឡាយ រាប់ទាំងថ្នាំឲ្យដេកលក់ផង, ថ្នាំរម្ងាប់ចិត្ត, ថ្នាំរម្ងាប់ការឈឺចាប់ផ្សេងៗ, ឬគ្រឿងញៀនគ្រប់បែបយ៉ាង មិនត្រូវយកចូលក្នុងមជ្ឈមណ្ឌលកម្មដ្ឋានទេ ។ សិស្សណាដែលជាប់ប្រើប្រាស់ថ្នាំតាមបទបញ្ជាពេទ្យត្រូវជូនដំណឹងទៅគ្រូ ។
ថ្នាំជក់ ថ្នាំចុក ម្លូស្លា បារី ៖
ដើម្បីសុខភាព និងផាសុក(comfort) របស់សិស្ស ថ្នាំជក់,ថ្នាំចុក ឬម្លូស្លាបារី មិនអនុញ្ញាតឲ្យមាន ក្នុងពេល ធម្មសិក្សានេះទេ ។
ម្ហូបអាហារ ៖
គេមិនអាចផ្តល់ម្ហូបអាហារឲ្យបានសមតាមសេចក្ដីចូលចិត្តរបស់អ្នកចម្រើនកម្មដ្ឋានទាំងអស់គ្នាបានទេ។ ហេតុនេះគេសុំឲ្យសិស្សទាំងអស់បរិភោគតែម្ហូបសាកាហារី (vegetarian food) គឺបន្លែផ្លែឈើ ដែលគេផ្តល់ ឲ្យតែប៉ុណ្ណោះ ។ អ្នកចាត់ការក្រុមអ្នកគ្រប់គ្រង ខំព្យាយាមផ្តល់នូវម្ហូបអាហារប្រកបដោយជីវជាតិល្អ សមរម្យ សមគួរដល់ការចម្រើនកម្មដ្ឋាន ដោយមិនធ្វើតាមទស្សន:អាហារពិសេស(particular food philosophy) ណាមួយទេ ។ បើមានសិស្សណាម្នាក់ត្រូវតមម្ហូបតាមបញ្ញត្តិពេទ្យដោយសារមានជម្ងឺ, គេត្រូវជូនដំណឹង ទៅក្រុមអ្នកគ្រប់គ្រងនៅពេលសុំចុះឈ្មោះ ម៉្យាងវិញទៀត គេមិនអនុញ្ញាតឲ្យតមអត់អាហារនៅពោះ ទទេឡើយ ។
សម្លៀកបំពាក់ ៖
សំលៀកបំពាក់ត្រូវមានរបៀបសមរម្យធម្មតា ។ សំលៀកបំពាក់ធ្វើអំពីក្រណាត់សំពត់ភ្លឺឆ្លុះមើលឃើញសាច់ ដែលរឹតតឹង ឬសម្រាប់ដេកហាលថ្ងៃដែលនាំឲ្យស្រើបស្រាល ត្រូវហាមឃាត់ជាដាច់ខាត ។ មិនអនុញ្ញាត ឲ្យដេកហាលថ្ងៃទេ ។ ត្រូវគ្របដណ្ដប់ខ្លួនឲ្យជិត, ត្រូវមានអាកប្បកិរិយារម្យទម្យសមសួន ។ បំរាមនេះ សំខាន់ណាស់ ដើម្បីកុំឲ្យអ្នកដទៃមានចិត្តរាយមាយដោយសារសម្លៀកបំពាក់ ។
ការបោកគក់និងការងូតទឹក ៖
ឥតមានម៉ាស៊ីនបោកឬហាលសំលៀកបំពាក់ទេ ។ ដូច្នេះសិស្សត្រូវតែយកសំលៀកបំពាក់មកឲ្យគ្រប់គ្រាន់ ។ ឥវ៉ាន់តូចតាច អាចបោកគក់ដោយដៃបាន... ការងូតទឹកនិងបោកគក់អាចធ្វើបានតែនៅក្នុងពេលសម្រាក ប៉ុណ្ណោះ ហើយមិនត្រូវធ្វើនៅពេលម៉ោងចម្រើនកម្មដ្ឋានទេ ។
ការទាក់ទងទៅលោកខាងក្រៅ ៖
សិស្សត្រូវស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលរហូតដល់ចប់ធម្មសិក្សាពេញបរិបូណ៌។ សិស្សអាចចេញពីទី នេះបាន លុះត្រាតែបានទទួលសេចក្ដីអនុញ្ញាតិពិសេសពីគ្រូ ។ មុនពេលធម្មសិក្សាចប់សព្វគ្រប់ មិនត្រូវឲ្យ មានទំនាក់ទំនងទៅលោកខាងក្រៅទេ ។ ទំនាក់ទំនងនេះ រាប់បញ្ចូលទាំងសំបុត្រ,ទាំងអីមើល, ទាំងទូរស័ព្ទ និងការទទួលភ្ញៀវទាំងឡាយ ។ ទូរស័ព្ទដៃនិងឧបករណ៍អេឡិចត្រូនិចទាំងឡាយ ត្រូវផ្ញើទុកនឹងក្រុមអ្នក គ្រប់គ្រងរហូតដល់ពេលចប់ធម្មសិក្សា ក្នុងករណីមានអាសន្ន មិត្តភ័ក្ត ឬបងប្អូនអាចទាក់ទង ជាមួយក្រុមអ្នកគ្រប់គ្រងបាន ។
ភ្លេង ការអាន ការសរសេរកត់ត្រា ៖
គេមិនអនុញ្ញាតឲ្យមានការលេងភ្លេង, ការបើកវិទ្យុស្តាប់ទេ ។ សៀវភៅអាន, សៀវភៅសរសេរ ក៏មិនត្រូវ យកមកជាមួយ ក្នុងឱកាសធម្មសិក្សានេះដែរ ។ សិស្សមិនត្រូវធ្វើចិត្តឲ្យរាយមាយដោយសារការសរសេរ ឬការកត់ត្រាអ្វីឡើយ ។ ការដាក់កំរិតមិនឲ្យអាន, សរសេរកត់ត្រានេះ គឺដើម្បីសង្កត់លើការបដិបត្តិកម្មដ្ឋាន នេះឲ្យបានកាន់តែល្អប្រសើរឡើងទៀតតែប៉ុណ្ណោះ ។
ប្រដាប់ថតសម្លេង និង ថតរូប ៖
ប្រដាប់ទាំងអស់នេះអាចប្រើបាន លុះត្រាតែមានការអនុញ្ញាតិពិសេសពីគ្រូ ។
ហិរញ្ញវត្ថុសម្រាប់ធម្មសិក្សា ៖
ដោយយោលទៅតាមប្រពៃណីធម៌បរិសុទ្ធ ធម្មសិក្សានេះប្រព្រឹត្តទៅបាន ដោយសារតែអំណោយទានរបស់សប្បុរសជនជាមូលដ្ឋាន។ អំណោយទានអាចទទួលយកបានតពីជនទាំងឡាយណាដែលបានធ្វើ ធម្មសិក្សា១០ថ្ងៃចប់សព្វគ្រប់ យ៉ាងហោចណាស់ម្តងរួចហើយ ជាមួយលោកគ្រូហ្គោឥនកា ឬគ្រូជំនួយ។ សិស្សដែលចូលរៀនលើកទីមួយ អាចធ្វើអំណោយទានបាន នៅពេលចប់ធម្មសិក្សា ឬនៅពេលក្រោយ ណាមួយទៀតក៏បាន។ បានជាធ្វើដូច្នេះ ពីព្រោះអំណោយទាន អាចទទួលបានតែពីជនណាដែលបានស្គាល់ រសជាតិនិងប្រយោជន៍ធម៌ដោយខ្លួនឯង។ ដោយមានបំណងចង់ចែកប្រយោជន៍ជាមួយអ្នកដទៃ គេអាច ធ្វើទានបាន តាមចេតនានិងមធ្យោបាយដែលគេមាន។ អំណោយទានទាំងអស់នេះ ជាមធ្យោបាយតែមួយគត់ សម្រាប់បង់ថ្លៃធម្មសិក្សាតាមប្រពៃណីនេះ នៅជុំវិញពិភពលោក។ គ្មានមូលនិធិ ឬគហបតីឯកជនណា ទទួលបន្ទុកលើធម្មសិក្សាទាំងនេះទេ។ ទាំងគ្រូ ទាំងអ្នករៀបចំធម្មសិក្សា, គ្មានអ្នកណាម្នាក់បានទទួលកម្រៃសម្ភារ:អ្វីពីធម្មសិក្សានេះឡើយ។ ការផ្សព្វផ្សាយធម៌តាមរបៀបនេះ គឺធ្វើឡើងដោយមានគោលដៅ យ៉ាងល្អបរិសុទ្ធ គ្មានអ្វីទាក់ទងនិងការធ្វើជំនួញទេ។
ហេតុនេះ ទោះបីអំណោយទានរបស់លោកអ្នកតិចក្តីច្រើនក្តី សូមធ្វើអំណោយក្នុងគោលបំណងចង់ជួយ អ្នកដទៃ ៖ ដោយហេតុថា មានជនដទៃបានធ្វើទានដើម្បីបង់ថ្លៃធម្មសិក្សារបស់ខ្ញុំ, ដូច្នេះ ឥឡូវនេះ ខ្ញុំសូម ធ្វើទានវិញម្តង ដើម្បីបង់ថ្លៃធម្មសិក្សាទៅអនាគត ដើម្បីឲ្យអ្នកដទៃអាចបានទទួលផលប្រយោជន៍អំពី បច្ចេកទេស វិបស្សនានេះផងដែរ ។
សង្ខេប ៖
ដើម្បីបំភ្លឺឲ្យបានច្បាស់អំពីគោលគំនិតនៃច្បាប់វិន័យនិងបទបញ្ហាទាំងអស់នេះ គេអាចបង្រួមសេចក្តីដូចតទៅ ៖ សូមប្រុងប្រយ័ត្នជានិច្ច ដោយមិនធ្វើអំពើអ្វីដែលនាំឲ្យរំខានដល់អ្នកដទៃ, សូមកុំយកចិត្តទុកដាក់ នឹងអំពើ បន្លែបន្លប់របស់អ្នកដទៃ។ សិស្សអាចមិនយល់ហេតុសំអាងនៃការអនុវត្តន៍ចំណុចខ្លះរបស់ វិន័យដែលមានចែងខាងលើនេះ ។ ដូច្នេះ ជាជាងបណ្ដោយឲ្យភាពអកុសលនិងការសង្ស័យកើតឡើង សិស្សត្រូវតែសុំឲ្យគ្រូជួយពន្យល់បំភ្លឺភ្លាមមួយរំពេច ។ គឺមានតែការប្រកាន់វិន័យ និងការខំប្រឹងប្រែង ជាអតិបរមា ដែលអាចនាំសិស្សឲ្យយល់ច្បាស់ល្អផង, ឲ្យបានទទួលប្រយោជន៍ពីការបដិបត្តិនេះផង ។ ការដែលត្រូវសង្កត់ក្នុងឱកាស១០ថ្ងៃនេះ គឺ ការបដិបត្តិ វិន័យល្អប្រសើរគឺ ធ្វើការហាក់បីដូចជាយើង នៅតែម្នាក់ឯង ដោយផ្ចង់ចិត្តទៅខាងក្នុង ដោយមិនយកចិត្តទុកដាក់ទៅលើអំពើបន្លែបន្លប់ ព្រមទាំងការរំខាន ទាំងឡាយ ដែលអាចជួបប្រទះ ។
ជាអវសាន សិស្សទាំងឡាយត្រូវដឹងថា ការរីកចម្រើនក្នុងមាគ៌ាវិបស្សនាអាស្រ័យតែទៅលើគុណសម្បត្តិ និង ការរីកចម្រើនផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ ព្រមជាមួយគ្នានេះដែរ ការរីកចម្រើននឹងកើតមានឡើងបាន អាស្រ័យ ទៅលើកត្តា៥យ៉ាងដូចតទៅនេះទៀតគឺ ៖
១- ការប្រឹងប្រែងយ៉ាងខ្លាំង,
២ - សទ្ធា,
៣- សេចក្តីស្មោះត្រង់,
៤- សុខភាព,
៥- បញ្ញា
សូមឲ្យព័ត៌មាន, ច្បាប់វិន័យ និងការណែនាំខាងលើនេះ ជួយលោកអ្នកឲ្យទទួលបាននូវផលប្រយោជន៍ជាអតិបរមា ។ យើងមានសេចក្តីរីករាយណាស់ ដោយមានឱកាសបម្រើលោកអ្នកនៅពេលនេះ ហើយសូមជូន សព្វសាធុការពរ សូមឲ្យលោកអ្នកបានប្រកបតែនឹង សន្តិភាព, សុខដុមរមនា ដែលកើតឡើង ដោយសារការ ពិសោធន៍នៃ វិបស្សនាកម្មដ្ឋាននេះ ។
__________________
កាលវិភាគ ៖
កាលវិភាគសម្រាប់ធម្មសិក្សាដូចមានខាងក្រោមនេះបានរៀបចំឡើងដើម្បីរក្សាស្ថិរភាពនៃការបដិបត្តិឲ្យបានជាប់ជានិច្ច ។ សិស្សត្រូវទទួលធ្វើតាមឲ្យបានដិតដល់ ដើម្បីឲ្យបានលទ្ធផលល្អជាទីបំផុត ។
|
ម៉ោង |
សកម្មភាព |
|
4:00 ព្រឹក |
ស្នូរជួងដាស់ឲ្យភ្ញាក់ |
|
4:30-6:30 ព្រឹក |
ចម្រើនធម៌នៅលំនៅផ្ទាល់ខ្លួនឬនៅធម្មសាល |
|
6:30-8:00 ព្រឹក |
ស្រស់ស្រូបពេលព្រឹក |
|
8:00-9:00 ព្រឹក |
ចម្រើនធម៌ជុំគ្នានៅធម្មសាល |
|
9:00-11:00 ព្រឹក |
ចម្រើនធម៌នៅលំនៅផ្ទាល់ខ្លួនឬនៅធម្មសាល |
|
11:00-12:00 ថ្ងៃត្រង់ |
បាយថ្ងៃត្រង់ និង សម្រាក |
|
12-1:00 រសៀល |
សម្រាក និង សម្ភាសន៍ជាមួយគ្រូ |
|
1:00-2:30 រសៀល |
ចម្រើនធម៌នៅលំនៅផ្ទាល់ខ្លួនឬនៅធម្មសាល |
|
2:30-3:30 រសៀល |
ចម្រើនធម៌ជុំគ្នានៅធម្មសាល |
|
3:30-5:00 រសៀល |
ចម្រើនធម៌នៅលំនៅផ្ទាល់ខ្លួនឬនៅធម្មសាល |
|
5:00-6:00 ល្ងាច |
សម្រាក, ភេសជ្ជៈ, តែ |
|
6:00-7:00 ល្ងាច |
ចម្រើនធម៌ជុំគ្នានៅធម្មសាល |
|
7:00-8:15 យប់ |
ធម្មទេសនាពេលល្ងាច |
|
8:15-9:00 យប់ |
ចម្រើនធម៌ជុំគ្នានៅធម្មសាល |